Skip links

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិនិត្យ និង ពិភាក្សា លើលក្ខណៈវិនិច្ឆ័យនៃការលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត

នាព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ និង ពិភាក្សា លើលក្ខណៈវិនិច្ឆ័យនៃការលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាការវិនិយោគកម្ពុជា, ឯកឧត្តមអគ្គលេខាធិការរង, ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងនៃអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំបានពិភាក្សាលើការអនុវត្តនូវគោលការណ៍រួម ក្នុងការលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត ដែលបានដាក់ចេញកន្លងមក ព្រមទាំងបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្តគោលការណ៍រួមទាំងនេះ ។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពជាគោលការណ៍លើការរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញ នូវគោលការណ៍ពាក់ព័ន្ធនឹងការលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត ដែលរួមមានការពិនិត្យឡើងវិញនូវនិយមន័យ និង វិសាលភាពនៃការលើកទឹកចិត្ត, ការកំណត់នូវលក្ខណៈវិនិច័្ឆយដើម្បីទទួលបានការលើកទឹកចិត្ត ក៏ដូចជាយន្តការក្នុងការតាមដាន និង ត្រួតពិនិត្យប្រសិទ្ធភាពនៃការទទួលបានការលើកទឹកចិត្ត ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យក្រុមការងារបន្តផ្តល់ធាតុចូល និង គំនិតល្អៗបន្ថែម ដើម្បីកែលម្អការគោលការណ៍ពាក់ព័ន្ធនឹងការលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្តនេះ ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាពខ្ពស់ ៕

Leave a comment

Explore
Drag